សួស្តីមិត្តទាំងអស់គ្នា!

នៅសល់១០ថ្ងៃទៀត ខ្ញុំនឹងកើនអាយុមួយកម្រិតទៀត (ពោលអាចថាចាស់ជាងមុន គឺនៅថ្ងៃទី៣០ ខែមិនាខាងមុខនេះ) ហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងមានសារមួយចំនួនចូលរួមដល់ខ្ញុំ ហេតុដូចនេះខ្ញុំសូមជំនួសនូវសារឬអំណោយនានា ជាការចំណាយពេលអានសាររបស់ខ្ញុំខាងក្រោម ហើយសូមឲ្យអ្នកទាំងអស់គ្នា ជួយចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬអាចជម្រុញឲ្យចរាចរណ៍ក្នុងប្រទេសយើងមានភាពប្រសើរជាងនេះ តាមរយៈការចូលរួមជាបុគ្គលម្នាក់ៗតាមតែអាចធ្វើទៅបាន។

មូលហេតុដែលទាញឲ្យខ្ញុំស្នើនេះឡើង គឺផ្សារភ្ជាប់នឹងបទពិសោធន៍ថ្មីៗ ដែលខ្ញុំបានពើបប្រទះ គឺ៖

កាលពីអាទិត្យមុន ខ្ញុំបានប្រទះព្រឹត្តការណ៍មួយ ដែលខ្ញុំមិនធ្លាប់បានឃើញដោយផ្ទាល់ភ្នែកក្នុងជីវិតរបស់ខ្ញុំ បើទោះបីព្រឹត្តការណ៍នេះ មិនមែនជារឿងថ្មីក៏ដោយ ហើយអ្នកទាំងអស់គ្នាពិតជាបានដឹងឮរឿងដដែលៗនេះដែរ គឺគ្រោះថ្នាក់ចរាចរណ៍។ ខ្ញុំបានឃើញផ្ទាល់ ពេលដែលម៉ូតូរបស់បុរសបីនាក់ក្នុងវ័យជំទង់បានប្រទះគ្នានឹងឡានម៉ាក់ទំនើបមួយ នៅផ្លូវនរោត្តម រំពេចនោះ បរុសទាំងបីនាក់នោះបានខ្ទាតចេញយ៉ាងឆ្ងាយពីគ្នា ហើយអូសកកិតដោយអំណាចនៃការខ្ទាតនោះលើថ្នល់ ដោយក្នុងចំណោមបីនាក់នោះ មានម្នាក់នោះបានរអិលដោយផ្អៀងខ្លួនហើយដៃហាក់ដូចជាប្រឹងទប់ រហូតដល់អាចឃើញឡើងរឹងក្រញង់ (ទំនងដូចជាស្លាប់ទៅហើយ) ខណៈដែលម្នាក់ទៀតគាត់បានខ្ទាតយ៉ាងឆ្ងាយពីកណ្តាលទ្រូងផ្លូវដែលប៉ះគ្នានោះ កកិតរហូតមកប៉ះកង់ម៉ូតូកង់បី ដែលខ្ញុំកំពុងជិះនៅសឹងតែអែបគៀនផ្លូវខាងស្តាំទៅហើយ។ ខ្ញុំមិនដឹងថាគាត់ទាំងបីស្លាប់ឬរស់យ៉ាងណាទេ ហើយខ្ញុំក៏មិនចង់រៀបរាប់ថា ខាងណាខុស ខាងណាត្រូវដែរ។ តែមូលហេតុដែលធ្វើឲ្យខ្ញុំលើករឿងនេះមកចែករំលែកនោះ គឺចង់ប្រាប់ថា ពេលដែលព្រឹត្តការណ៍នេះកើតឡើង យើងអាចមានអារម្មណ៍បានថា ជីវិតយើងគឺផុយស្រួយណាស់ ហើយវាពិតប្រាកដណាស់ថា ជាទុក្ខសោកមួយសម្រាប់គ្រួសារដែលពាក់ព័ន្ធ ហើយបើរឿងនោះកើតឡើងចំពោះយើងវិញ នោះទុក្ខសោកគឺដូចគ្នា។

នេះគ្រាន់តែជាឧទាហរណ៍មួយ ហើយខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាបានតាមដាន និងយល់ពីព្រឹត្តការណ៍ជាច្រើន ហើយបានពិភាក្សា និងរកដំណោះស្រាយដូចគ្នា ដោយលើកពីកាតព្ធកិច្ចរបស់ស្ថាប័ន ឬ អ្នកពាក់ព័ន្ធ តែអ្វីដែលសំខាន់ ហើយខ្ញុំយល់ថា យើងម្នាក់ៗអាចចូលរួមចំណែកបាន ហើយជាសំណូមពរដ៏សាមញ្ញរបស់ខ្ញុំគឹ៖

• នាំគ្នាសិក្សា និងគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ខ្ជួន (ឧ.មិនមែនទីណាមិនឃើញប៉ូលីស យើងបើកបំពានភ្លើងសញ្ញាចរាចរណ៍នោះឡើយ)

• នាំគ្នាគោរពអាទិភាពអ្នកបើកបរដទៃ និងចេះអត់អោនអធ្យាស្រ័យឲ្យគ្នា (ឧ.ភាគច្រើនដែលបង្កឲ្យមានការស្ទះផ្លូវនៅស្រុកយើង មួយចំណែកធំគឺការបើកបរបំពានផ្លូវអាទិភាពរបស់ខ្លួន ពេលឃើញកកកុញបន្តិច យើងក៏បើកបំពានជែងលើផ្លូវអ្នកដទៃ ដែលធ្វើឲ្យអ្នកដទៃដែលបើកបរផ្លូវផ្ទុយពីយើង គឺមិនអាចបរទៅមុខ ហើយយើងក៏មិនអាចទៅឲ្យហួសពីហ្នឹងដែរ ពោលគឺគាំងទាំងអស់គ្នា ដូច្នេះបើយើងអត់ធន់បន្តិចហើយចាំបន្តិចនោះប្រហែលជាប្រសើរ។ ក្នុងពេលដែលអ្នកណាម្នាក់ខ្លាំងបើកបរជែងយើង ឲ្យលោកអ្នកលឿននោះគាត់ទៅមុនទៅ ព្រោះគាត់ប្រញាប់ ការធ្វើបែបនេះ គឺប្រហែលជាប្រសើរជាងការព្យាយាមយកឈ្នះគ្នា)។

• បើកបរតាមល្បឿនកំណត់ ឬបើអាចសូមកុំបើកបរលឿនបើទោះជាផ្លូវនោះមិនសូវមានមនុស្សកកកុញក៏ដោយ។ ត្រូវតោងយល់ថាការប្រកាន់លឿនមួយសមរម្យអាចជួយឲ្យយើងអាចគ្រប់គ្រងស្ថានភាពបាន ក្នុងពេលដែលមានឧបសគ្គខាងមុខ។
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា អាចធ្វើបានដើម្បីសុវត្ថិភាពអ្នក និងអ្នកដទៃ ហើយប្រការនេះនឹងធ្វើឲ្យសង្គមយើងមានភាពប្រសើរឡើង។

សូមអរគុណ ដែលបានជូនជាអំណោយតាមរយៈការចំណាយពេលអានសារនេះ៕

សុភាព